អ្វីៗគឺដដែល! អាមេរិកចេញមុខ «ធានាការពារសន្តិសុខ លោក គីម ជុងអ៊ុន និងមិនឈ្លានពានរបបដឹកនាំកូរ៉េខាងជើងឡើយ» តែត្រូវព្រមបោះចោលនុយក្លេអ៊ែរ!
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងមិនស្វែងការផ្លាស់ប្ដូររបបដឹកនាំនៅកូរ៉េខាងជើង ហើយក៏មិនឈ្លានពានទីក្រុងព្យុងយ៉ាងដែរ ព្រមទាំងធានាឱ្យបាននូវសន្តិសុខសម្រាប់របបដឹកនាំ លោក គីម ជុងអ៊ុន។ នេះគឺជាសម្ដីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ដកស្រង់ដោយទីភ្នាក់ ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់លោក ធីល្លឺសុន ធ្វើឡើងនៅក្នុងជំនួបរយៈពេល ៤០នាទី ជាមួយបេសកជនពិសេសកូរ៉េខាងត្បូង លោក Hong Seok-hyun នៅឯទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ទន្ទឹមគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ មិនមែននិយាយដោយគ្មានលក្ខខណ្ឌនោះទេ ពោលគឺលោកបានបញ្ជាក់ថា ទាល់តែកូរ៉េខាងជើងបង្ហាញពីឆន្ទៈបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ នោះទើបសហរដ្ឋអាមេរិក គ្មានហេតុផលអ្វី ត្រូវប្រើកម្លំាងយោធា ឬក៏ប្រកាន់នយោបាយអរិភាពចំពោះទីក្រុងព្យុងយ៉ាងទៀត។
ម្យ៉ាងវិញទៀត លោក ធីល្លឺសុន ក៏បានអះអាងដែរថា ទីក្រុងវ៉ាស៊ីនតោនចង់ឱ្យកូរ៉េខាងជើងជឿជាក់ និងបញ្ឈប់ការសាកល្បងមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែរ មុននឹងសហរដ្ឋអាមេរិក អាចនឹងបើកកិច្ចសន្ទនាជាមួយ ប្រទេសកុម្មុយនីស្ដដ៏ឯកោមួយនេះ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកធ្លាប់បានគំរាមប្រើប្រាស់កម្លាំងយោធា លើទីក្រុងព្យុងយ៉ាងជាច្រើនលើក ក៏ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ទំាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល សុទ្ធតែបង្ហាញពីចេតនាចង់បើកកិច្ចចរចា ០៦ភាគីឡើងវិញ ខណៈកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង កូរ៉េខាងជើងត្រូវបានគេមើលឃើញថា កាន់តែរីកចំរើនទៅមុខ៕
ដកស្រង់ចេញពី http://www.khmertalking.com
No comments