Sport
ស៊ុតចូល បានលុយ! ប្រាក់ចំណូលរបស់ Zlatan ដោយគ្រាន់តែស៊ុតបញ្ចូលទីឲ្យ Man Utd បានច្រើនដល់ម្លឹងផង!
បរទេស៖ កុងត្រារបស់ខែ្សប្រយុទ្ធ Zlatan Ibramhimovic នៅក្លិបបិសាចក្រហម Manchester United គឺបានបូកបញ្ចូលជាមួយល័ក្ខខណ្ឌពិសេសមួយគឺ ទាក់ទងនឹងចំនួនគ្រាប់បាល់ដែលគេអាចស៊ុតចូល មានន័យថានៅពេលដែលអតីតប្រធានក្រុមជម្រើសជាតិស៊ុយអែតរូបនេះ ស៊ុតបញ្ចូលទី រូបគេនឹងមានប្រាក់បន្ថែមពីលើទៀត។
សារព័ត៌មាន Sportsmail បានបង្ហាញថា ក្នុងការស៊ុតបញ្ចូលទីមួយគ្រាប់ Zlatan អាចទទួលប្រាក់បានរហូតដល់ទៅ ១៤៣,០០០ផោន (១៨៥,៤០៦ដុល្លារ) ហើយចំនួនទឹកប្រាក់នោះ អាចនឹងប្រែប្រួលបន្ដិចបន្ដួចទៅលើការប្រកួតណាដែលរូបគេស៊ុតបញ្ចូលទី។
នេះគឺជាចំនួនដ៏ច្រើន ស្របពេលដែលកម្រៃរបស់គេប្រចាំសប្ដាហ៍គឺមានចំនួន ៣៦៧,៦៤០ផោន (៤៧៦,៦៨៦ដុល្លារ) ក្នុង១សប្ដាហ៍។
សរុបជារួម Ibrahimovic អាចរកប្រាក់បានប្រមាណ ២.៨៦លានផោន (៣.៧១លានដុល្លារ) ក្នុងការរកគ្រាប់បាល់ឲ្យ Manchester United មុនពេលដែលរូបគេបានរងរបួសជង្គង់ធ្ងន់ធ្ងរ ពេលប៉ះ Anderlecht កាលពីខែមុននោះ។
បន្ថែមពីនេះទៀត ប្រាក់បៀរវត្សន៍ចំនួន ១៩លានផោន (ជាង២៤លានដុល្លារ) របស់ Zlatan បូកជាមួយនឹងប្រាក់បន្ថែមពីការស៊ុតបញ្ចូលទីនោះទៀត បានធើ្វឲ្យកីឡាកររូបនេះ ក្លាយជាអ្នករកចំនូលបានច្រើនជាងគេបង្អស់ក្នុងប្រវត្ដិសាស្រ្ដ Premier League។
សព្វថៃ្ង Zlatan កំពុងតែស្ថិតនៅសហរដ្ឋអាមេរិក ជាមួយនឹងភ្នាក់ងាររបស់គេ Mino Raiola ដើម្បីពិនិត្យរបួសជង្គង់។ ចំនែកឯគ្រូពេទ្យថែទាំសុខភាពរបស់គេ លោក Dario Fort បានបញ្ជាក់ថា Zlatan បានធើ្វការវះកាត់ប្រកបដោយជោគជ័យ ហើយរូបគេនឹងអវត្ដមានពីទីលានរហូតដល់ឆ្នាំ២០១៨៕
No comments