សាហាវ! បាញ់សម្លាប់ប្រពន្ធខ្លួនឯង នៅចំពោះមុខកូន កូនៗភ័យ
អន្តរជាតិ ៖ កាលពីពេលថ្មីកន្លងទៅនេះ ប៉ូលិសខេត្ត នុនថាក់បុរី បានចុះទៅពិនិត្យកន្លែង កើតហេតុមួយកន្លែង បន្ទាប់ពីប្រជាពលរដ្ឋ បានរាយការណ៍ថា មានករណីបាញ់សម្លាប់ ក្នុងផ្ទះមួយខ្នង ដែលបណ្ដាលឱ្យស្ត្រីម្នាក់ ស្លាប់យ៉ាងអាណោចអាធ័មបំផុត ។ សាកសពស្ត្រីរងគ្រោះឈ្មោះ សុដាថិប អាយុ ៣៤ឆ្នាំ មុខរបរមេផ្ទះ ក្នុងក្រុមហ៊ុនឯកជនមួយ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីរងគ្រោះ ស្លាប់ដោយសារ ប្ដីរបស់នាងបាញ់សម្លាប់ ចំត្រង់សៀតផ្កាខាងឆ្វេង ធ្លុះទៅខាងស្ដាំ ចំណែកជនដៃដល់ ដែលត្រូវជាប្ដី មិនត្រូវបានបង្ហាញឈ្មោះទេ ដោយគ្រាន់តែដឹងថា មានអាយុ ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ហើយក្រោយបាញ់សម្លាប់ប្រពន្ធរួចហើយ ជនសង្ស័យ ក៏បានជិះម៉ូតូគេចខ្លួនបាត់តែម្ដង ។
តាមសម្ដីស្ត្រីម្នាក់ ជាអ្នកជិតខាងផ្ទះកើតហេតុ មានអាយុ៥០ឆ្នាំ បានប្រាប់ សមត្ថកិច្ចឱ្យដឹងថា ២នាក់ប្ដីប្រពន្ធខាងលើនេះ បានរួមរស់ជាមួយគ្នា រយៈពេលយូរណាស់មកហើយ ដោយមានកូនប្រុសស្រី ២នាក់ កូនប្រុសអាយុ ៦ឆ្នាំ និងកូនស្រីអាយុ ៥ឆ្នាំ ហើយទាំង២នាក់ប្ដីប្រពន្ធ តែងតែឈ្លោះគ្នាស្ទើររាល់ថ្ងៃ ដោយសារបុរសជាប្ដី ជាមនុស្សញៀនថ្នាំ និងមានស្រីក្រៅច្រើនពេក ដែលជាហេតុនាំឱ្យប្រពន្ធ ក្ដៅក្រហាយ ជេរគ្មានថ្ងៃស្រាកស្រាន្តឡើយ ។
មុនពេលកើតហេតុ ២នាក់ប្ដីប្រពន្ធខាងលើនេះ បានប្រកែកគ្នាខ្លាំងៗ ពីរឿងដដែលៗ ក្រោយមកជនល្មើស ក៏បានទាញកាំភ្លើងបាញ់ ប្រពន្ធស្លាប់ភ្លាមៗ នៅចំពោះមុខកូនទាំង ២នាក់ ពេលនោះកូនទាំង២ មានការភ័យរន្ធត់យ៉ាងខ្លាំង បានរត់ទៅរកស្ត្រីវ័យ៥០ឆ្នាំម្នាក់ ដែលជាអ្នកជិតខាង រូបនេះឱ្យជួយ ។
ក្រោយពីបានដឹងព័ត៌មាន សមត្ថកិច្ចក៏បានតាមចាប់ខ្លួន ជនដៃដល់ជាប្តីរូបនោះបានភ្លាមៗ នៅល្ងាចថ្ងៃដដែល ហើយកំពុងស្ថិតនៅក្នុងការសួរចម្លើយ និងឈានទៅផ្ដន្ទាទោសតាមច្បាប់ ៕
➥ប្រភពពីគេហទំព័រ Sen Sok News – សាហាវ! បាញ់សម្លាប់ប្រពន្ធខ្លួនឯង នៅចំពោះមុខកូន កូនៗភ័យខ្លាច
No comments