Header Ads

Tech

ក្រុម​សហគ្រិន​វ័យ​ក្មេង​ចែក​រំលែក​បទ​ពិសោធន៍​បច្ចេកវិទ្យា​ក្នុង​ជំនួញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត



ក្រុម​អ្នកបង្កើត​អាជីវកម្ម​ដំបូង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ បាន​ចែក​រំលែក​គំនិត​ និង​បទពិសោធន៍​ ជា​ច្រើន​ ដល់​អ្នក​ដែល​មាន​ក្តី​ស្រមៃ​ក្នុង​ការ​បង្កើត​អាជីវកម្ម​ដែល​ផ្ដើម​ចេញ​ពី​គំនិត​ច្នៃប្រឌិត។ ពួកគេ​បាន​លើក​ឡើង​ អំពី​វិធី​សាស្ត្រ​នៃ​ការ​ចាប់​យក​ដៃ​គូ​មក​ធ្វើ​ជំនួញ​រួម​គ្នា និង​ភាព​ប្រថុយប្រថាន ហើយ​និង​សេចក្ដី​ព្យាយាម​ជម្នះ​នឹង​​បរាជ័យ ​ដើម្បី​ធ្វើ​ឲ្យ​ជំនួញ​របស់​ពួកគេ​បាន​​ជោគជ័យ។

ក្រុម​សហគ្រិន​វ័យ​ក្មេង​ខាង​បច្ចេកវិទ្យា​ កាល​ពី​ថ្ងៃ​សៅរ៍​ សប្ដាហ៍​មុន​ បាន​ចែក​រំលែក​បទ​ពិសោធន៍​ និង​បញ្ហា​ប្រឈម​នានា​ដែល​ពួកគេ​បាន​ឆ្លង​កាត់​ ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។
ការ​បង្កើត​សហគ្រាស​ថ្មី​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ឬ​ហៅ​កាត់​ថា​ Startup​ គឺ​អាជីវកម្ម​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ ជាពិសេស​យុវវ័យ​ ចាប់ផ្ដើម​ផ្ដល់​ការ​យក​ចិត្ត​ទុកដាក់​ ដោយសារ​វា​ជា​អាជីវកម្ម​បែប​ច្នៃ​ប្រឌិត​ និង​ចំណាយ​ដើមទុន​តិចតួច ហើយ​អាច​ទទួល​បាន​ទុន​វិនិយោគ​ពីក្រៅ​ប្រទេស។
ការ​បង្កើត​ក្រុមហ៊ុន​ថ្មី​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ចាប់​ផ្ដើម​ទទួល​បាន​ប្រជាប្រិយភាព​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។
លោក​ ជា​ ឡង់ដា​ ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​លក់​សំបុត្រ​មធ្យោបាយ​ធ្វើដំណើរ​តាម​អ៊ីនធឺណិត​ឈ្មោះ​ BookMeBus បាន​លើកឡើង​នៅ​ក្នុង​ការ​ពិភាក្សា​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ២៣​ ខែ​មេសា នៅ​ទី​ស្នាក់​ការ​កណ្ដាល​របស់​អង្គការ​មូលនិធិ​អាស៊ី​ក្នុង​រាជធានី​ភ្នំពេញ​ ថា អ្នក​មាន​បំណង​បង្កើត​ជំនួញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ត្រូវ​មាន​ផែនការ​ និង​គំនិត​នៃ​ការ​ធ្វើ​ជំនួញ​ច្បាស់​លាស់​ ហើយ​ក៏​ត្រូវ​ផ្លាស់​ប្ដូរ​ទម្លាប់​ក្នុង​ការ​ចាយវាយ​របស់​ខ្លួន​ នៅ​ពេល​សម្រេច​ចិត្ត​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង។

ក្រុម​សហគ្រិន​វ័យ​ក្មេង​ខាងបច្ចេកវិទ្យា​ បាន​ចែករំលែក​បទពិសោធន៍ និង​លើក​ឡើង​ពី​បញ្ហា​ប្រឈមអំពី​ការ​ធ្វើ​ជំនួញ​របស់​ពួកគេ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក្នុង​កិច្ចពិភាក្សា​មួយ ធ្វើ​ឡើង​នៅ​អង្គ​ការ​មូល​និធី​អាស៊ីក្នុង​រាជធានី​ភ្នំពេញ ​កាលពីថ្ងៃ​ទី​ ២៣ ខែមេសា​ ឆ្នាំ២០១៧។
លោក​និយាយ​ថា​ ការ​បង្កើត​អាជីវកម្ម​គឺ​ជា​ការ​ប្រថុយ​ប្រថាន​មួយ​ តែ​វា​ក៏​ជា​ពេល​ដែល​អាច​បង្កើន​បទពិសោធន៍​ ក្នុង​ការ​កសាង​បណ្ដាញ​ និង​ការ​បង្កើន​ជំនាញ​ថ្មីៗ។ លោក​បន្ត​ថា​ លោក​បាន​ត្រៀម​ខ្លួន​ជាស្រេច​ថា​ នឹង​វិល​មក​ធ្វើ​ការងារ​របស់​លោក​វិញ​ ប្រសិនបើ​ការ​ធ្វើ​ជំនួញ​របស់​លោក​មិន​ទទួល​បាន​ជោគជ័យ​នោះ។
«ប្រហែល​ជា​នៅ​ពេល​ខ្ញុំ​ត្រឡប់​មក​ធ្វើការ​វិញ​ ប្រាក់​ខែ​របស់​ខ្ញុំ​នឹង​ច្រើន​ជាង​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ទទួល​បាន​ពីមុន​មក​ ដោយសារ​តែ​ខ្ញុំ​មាន​ជំនាញ​ច្រើន។ ខ្ញុំ​ស្គាល់​ និង​ជួប​មនុស្ស​ជាច្រើន​ ដូចជា​គំនិត​របស់​ខ្ញុំ​កាន់​តែ​ទូលាយ​ជាង​មុន។​ ដូច្នេះ​ខ្ញុំ​មិន​គិត​ថា​ ខ្ញុំ​នឹង​ចាញ់​នោះ​ទេ។ ដូច្នេះ ​នេះ​គឺ​គ្រាន់​តែ​ជា​អត្ថប្រយោជន៍​ ដែល​មាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ ហើយ​ចាប់​ផ្ដើម​ជំនួញ​ ពីរបី​ឆ្នាំ​ ដោយ​ការ​កំណត់​ទិសដៅ​ និង​គោល​បំណង​ដូចជា​នៅ​ក្នុង​រយៈពេល​ មួយ​ឆ្នាំ​ ឬ​ពីរ​ឆ្នាំ​ យើង​ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ គំនិត​ធ្វើ​ជំនួញ​នោះ​ អាច​ធ្វើ​បាន។ បើ​មិន​អញ្ចឹង​ទេ​ វិលត្រឡប់​ទៅ​ធ្វើការ​វិញ​ រួចហើយ​ រក​គំនិត​មួយ​ទៀត​ និង​ត្រឡប់​មក​ធ្វើ​ម្ដង​ទៀត។​ វា​មិន​ដែល​យឺត​ពេល​នោះ​ទេ»។
ចំណែក​លោក​ សុខ​ សុភមង្គល​ ជា​សហ​ស្ថាបនិក​ និង​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Codingate បាន​ផ្ដល់​ពិសោធន៍​អំពី​ការ​ជ្រើសរើស​ដៃគូ​អាជីវកម្ម​ដែល​មាន​ជំនាញ​ និង​ទស្សនៈ​វិស័យ​រួម​មួយ​ ដើម្បី​ធ្វើ​ឲ្យ​ជំនួញ​ជោគជ័យ។
លោក​ពន្យល់​បន្ត​ថា​ ការ​ស្វែង​យល់​ពី​ភាព​ស្មោះត្រង់​របស់​ដៃ​គូ​ជំនួញ ​ក៏​ជា​កត្តា​សំខាន់​ ហើយ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ គឺ​ជា​គន្លឹះ​សំខាន់​មួយ​ក្នុង​ការ​គ្រប់គ្រងស្ថានភាព​ក្រុមហ៊ុន​ ក្នុង​ពេល​មាន​វិបត្តិ​ ឬ​ជម្លោះ​ណាមួយ។
«នេះ​គឺ​ជា​រឿង​ដែល​ពិតជា​សំខាន់​ ដើម្បី​ជ្រើសរើស​មនុស្ស​ដែល​អ្នក​ទុក​ចិត្ត ហើយ​ម្យ៉ាង​វិញ​ទៀត​នោះ​ នៅ​ពេល​អ្នក​មិន​ទុក​ចិត្ត​ កុំ​លាក់​ទុក​ក្នុង​ខ្លួន​អ្នក។ យក​បញ្ហា​នោះ​ចេញ​មក​ ហើយ​ពិភាក្សា​គ្នា​ឲ្យ​ច្បាស់​ហើយ​បោះ​ជំហាន​ទៅមុខ ព្រោះ​មាន​បញ្ហា​ជាច្រើន​នៅ​ក្នុង​ក្រុមហ៊ុន តែ​គេ​លាក់​បញ្ហា​ទាំង​នោះ​ ហើយ​មិន​ប្រឈម​នឹង​បញ្ហា​ទាំង​នោះ​ នោះ​ទេ»។
លោក​បាន​បន្ត​ថា៖
«អ្នក​ត្រូវ​តែ​ចូលចិត្ត​និយាយ​អ្វី​ដែល​អ្នក​មិន​ច្បាស់​អំពី​វា​ចេញ​មក​ ដោយសារ​តែ​រឿង​នោះ​ ដូច​អ្នក​ដែល​បាន​ដឹង​ហើយ​ថា​ ចិត្ត​របស់​យើង​ ប្រសិនបើ​យើង​មិន​ច្បាស់​អំពី​អ្វីមួយ​នោះ​ វា​អាច​នៅ​ទ្រឹង​មួយ​កន្លែង​ ហើយ​វា​នឹង​បំផ្លាញ​ភាព​ឆ្លាតវៃ​របស់​អ្នក​ ព្រោះ​អ្នក​អាច​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ឈប់​ទៅ​ណា​មិន​រួច​ជាមួយ​បញ្ហា​នោះ​ ហើយ​វា​តាម​បន្លាច​អ្នក​ពេញ​មួយថ្ងៃ»។
លោក​ អ៊ិន​ វិសាល​ ជា​ស្ថាបនិក​ និង​នាយក​បច្ចេកទេស​នៃ​ក្រុម​ហ៊ុន​ «ខ្មែរ​ឡូត»​ ថ្លែង​ប្រាប់​ VOA ក្រោយ​ការ​ពិភាក្សា​នោះ​ថា​ ការ​បង្កើត​អាជីវកម្ម​ខាង​បច្ចេកវិទ្យា​ មិន​ទាន់​ជួប​បញ្ហា​ប្រឈម​ខ្លាំង​នៅ​ឡើយ​នោះ​ទេ​នៅ​ប្រទេស​កម្ពុជា។ តែ​លោក​ថា​ ក្រុម​សហគ្រិន​ខាង​បច្ចេកវិទ្យា​ និង​រដ្ឋាភិបាល​ ត្រូវ​តែ​រក​ឱកាស​ដើម្បី​ជួប​ពិភាក្សា​គ្នា​ ដើម្បី​ត្រៀម​ផែនការ​ដោះស្រាយ​បញ្ហា​ដែល​អាច​កើតមាន​នា​ពេល​ខាងមុខ។
លោក​បន្ថែម​ថា​ បញ្ហា​ដែល​គួរ​ឲ្យ​យក​ចិត្តទុកដាក់​នោះ​ គឺ​ការ​យក​ពន្ធ​លើ​ក្រុម​ហ៊ុន​ខាង​បច្ចេក​វិទ្យា​ ឬ startup​ នេះ។
«នៅ​ពេល​ដែល​អត់​មាន​ការ​បង្កើត​ Start-up ច្រើន​ទៅ​ វា​អត់​មាន​ ការ​បង្កើត​ការងារ​ច្រើន ​អត់​មាន​ថា​ hi-techព្រោះ​រាល់​ថ្ងៃ​ បញ្ហា​ស្រុក​ខ្មែរ​គឺ​ឲ្យ​តែ​ថា​ hi-tech employee [បុគ្គលិក​ខាង​បច្ចេកវិទ្យា] ​គឺ​យក​ពី​បរទេស​មក​អញ្ចឹង​ ហើយ​ស្រុកខ្មែរ​គឺ​មាន​ ability [សមត្ថភាព] ដើម្បី​ធ្វើ​អញ្ចឹង។​ អញ្ចឹង​នៅ​ពេល​ដែល​ Start-up កាន់តែ​ច្រើន​ គឺ​ increase human resource [បង្កើន​ធនធាន​មនុស្ស] យើង​កាន់​តែ​ខ្លាំង។ អញ្ចឹង​បាន​ន័យ​ថា​ government [រដ្ឋាភិបាល] គួរតែ​បន្ថយ​បន្ថយ​ពន្ធ​ទៅ​លើ​ Start-up ​នៅ​ក្នុង​រយៈពេល​បី​ឆ្នាំ​ដំបូង​អី​អញ្ចឹង​ទៅ​ណា៎។ ប៉ុន្តែ រាល់​ថ្ងៃ​ វា​អត់​ទាន់​ជា​ problem [បញ្ហា] ធំ​ប៉ុន្មាន​ទេ»។
ក្នុង​កិច្ច​ពិភាក្សា​គ្នា​នោះ​ លោក​ អ៊ិន វិសាល​ បាន​ចែករំលែក​បទ​ពិសោធន៍​ក្នុង​ការ​កាន់​កាប់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាមួយ​ដៃ​គូ​វិនិយោគ។ លោក​បាន​ផ្ដល់​ជា​យោបល់​ថា​ អ្នក​កសាង​ក្រុមហ៊ុន​ ត្រូវតែ​ជា​អ្នក​កាន់​កាប់​ភាគហ៊ុន​ ច្រើន​ជាង​ដៃគូ​ដែល​បោះ​ទុន​ជាមួយ។​
លោក​និយាយ​ថា​ អ្នកបង្កើត​ក្រុម​ហ៊ុន​ដោយ​គំនិត​ខ្លួន​ឯង​ផ្ទាល់​ គួរ​ផ្ដល់​ឲ្យ​អ្នក​ដាក់​ទុន​នូវ​ភាគហ៊ុន​ក្រោម​១០​ភាគរយ។​ លោក​ថា​ ធ្វើ​ដូច្នេះ​ ស្ថាបនិក​ក្រុមហ៊ុន​ មាន​សិទ្ធិ​ច្រើន​ក្នុង​ការ​សម្រេច​ចិត្ត។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ធ្វើ​ជំនួញ​ គឺជា​ការ​ប្រឈម​នឹង​បរាជ័យ​ផងដែរ​ ហើយ​អ្នក​ធ្វើ​ជំនួញ​មិន​គួរ​បោះបង់​ចោល​ងាយៗ​នោះ​ទេ។ លោក​បន្ត​ថា​ពួកគេ​ត្រូវ​រក​គំនិត​ថ្មី​រួច​អនុវត្ត​គំនិត​នោះ​ ដើម្បី​ធ្វើ​ឲ្យ​ជំនួញ​ទទួល​បាន​ជោគជ័យ។
Khmerload (ខ្មែរ​ឡូត ) ដែល​បាន​បង្កើត​ឡើង​រយៈពេល​ប្រាំ​ឆ្នាំ​មក​ហើយ និង​ផ្ដល់​ព័ត៌មាន​កម្សាន្ត​និង​សង្គម​ដែល​ទាក់ទាញ​អ្នក​មើល​ច្រើន​ដោយ​ការ​យក​លំនាំ​តាម​គេហទំព័រ​ Buzzfeed របស់​អាមេរិក បាន​ក្លាយ​ជា​សហគ្រាស​បង្កើត​ថ្មី​ឬ startup ​ខ្មែរ​ដំបូង ​ដែល​ទទួល​បាន​ការ​វិនិយោគ​ផ្ទាល់​ពី​អ្នក​វិនិយោគ​នៅ​សហរដ្ឋ​អាមេរិក។
ក្រុមហ៊ុន​នេះ​ ទទួល​បាន​វិនិយោគទុន​ចំនួន​២០០.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​ក្រុមហ៊ុន 500 Startups ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​លំដាប់​សាកល​មួយ​ដែល​វិនិយោគ​ទៅ​លើ​ក្រុមហ៊ុន​ថ្មី​ថ្មោង ​និង​ក្រុម​ហ៊ុន​ startup ទូ​ទាំង​ពិភពលោក។ ​ក្រុមហ៊ុន 500 Startups ​មាន​មូលដ្ឋាន​ក្នុង​តំបន់​បច្ចេកវិទ្យា​ដ៏​ល្បី​មួយ​ឈ្មោះ​ Silicon Valley ​នៅ​ទីក្រុង Mountain View រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិក។
លោក​ ស្ទីវិន ផាត (Steven Path) ប្រធាន​សហព័ន្ធ ​ICT ​កម្ពុជា​ ដែល​តំណាង​ឲ្យ​វិស័យ​ឯកជន​ខាង​បច្ចេកវិទ្យា ប្រាប់​ VOA ​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​ថា​ ប្រទេស​កម្ពុជា​កំពុង​នាំមុខ​គេ​ក្នុង​ការ​បង្កើត​អាជីវកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ បើ​ធៀប​ជាមួយ​ប្រទេស​ឡាវ​ និង​មីយ៉ាន់ម៉ា​ ឬ​ប្រទេស​ភូមា។
លោក​ថា​ សហគ្រិន​វ័យ​ក្មេង​ដែល​ចង់​បង្កើត​អាជីវកម្ម​ដោយខ្លួន​ឯង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ នឹង​អាច​ប្រឈម​នឹង​កង្វះខាត​ដើម​ទុន​ តែ​លោក​ថា​ វា​មិន​ជា​បញ្ហា​ចោទ​ខ្លាំង​នោះ​ទេ​ នា​ពេល​បច្ចុប្បន្ន​ ដោយ​សារ​មាន​ក្រុមហ៊ុន​ឯកជន​នានា​បាន​ត្រៀម​ផ្ដល់​ទុន​ដើម្បី​ចាប់ផ្ដើម​ការ​ធ្វើ​ជំនួញ​ខាង​បច្ចេកវិទ្យា​នេះ។
Technology

Boostrap here

No comments

Copyright Et Vecheka 2016 . Powered by Blogger.